​កម្ពុជា​អំពាវនាវ​ឱ្យ​វិនិយោគិន​អាមេរិក​ចូលមក​បណ្តាក់ទុន​ផ្ទាល់​បន្ថែមទៀត - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


​កម្ពុជា​អំពាវនាវ​ឱ្យ​វិនិយោគិន​អាមេរិក​ចូលមក​បណ្តាក់ទុន​ផ្ទាល់​បន្ថែមទៀត

 

អាមេរិក​នៅតែ​បន្ត​ជាទី​ផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ជាពិសេស​សម្រាប់​ផលិត​ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​។​ ហេង ជីវ័ន
អាមេរិក​នៅតែ​បន្ត​ជាទី​ផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ជាពិសេស​សម្រាប់​ផលិត​ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​។​

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ឱ្យ​វិនិយោគិន​អាមេរិក មក​ស្វែង​​រក​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ព្រោះ​ការវិនិយោគ​ផ្ទាល់​ពី​អាមេរិក​នៅមានកម្រិត​តិចតួច​បំផុត​បើ​ធៀប​ទៅ​ប្រទេស​មួយចំនួនទៀត​។​

​ការអំពាវនាវ​របស់​លោក​នា​យក​រដ្ឋមន្ដ្រី​ត្រូវបាន​ធ្វើឡើង​នៅក្នុង​វេទិកា​ធុរកិច្ច​អាមេរិក​កម្ពុជា​ «​កាលានុវត្តភាព​ថ្មី វិបុលភាព​រួម​» ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី ​២២ ខែ​​កញ្ញា ឆ្នាំ​ ២០២៣​។ ព្រឹត្តិការ​​ណ៍​នេះ​ត្រូវបាន​សហការ​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) ជាមួយ​សភា​ពាណិជ្ជកម្ម​អាមេរិក​។​

​លោក​ថ្លែងថា អាមេរិក និង​កម្ពុ​ជាមាន​ប្រវត្តិ​មិត្តភាព និង​កិច្ច​​សហប្រតិបត្តិការ​ដ៏​យូរអង្វែង ​គឺ​តាំងពី​ឆ្នាំ​ ១៩៥០ ខណៈ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹកប្រាក់​ ១៣,៥​ ពាន់​លាន​ដុ​ល្លារ​ក្នុង​ឆ្នាំ​ ២០២២​។ អាមេរិក​នៅតែ​បន្ត​ជាទី​ផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ជាពិសេស​សម្រាប់​ផលិត​ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​។​

​លោក​បាន​បន្តទៀតថា ទាក់ទង​នឹង​ទំនាក់ទំនង​វិនិយោគ គឺ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI)​ របស់​អាមេរិក​នៅ​ប្រទេស​កម្ពុ​ជា មាន​ចំនួន​តិចតួច ទោះបី​អាមេរិក​ជា​វិនិយោគិន​អន្តរជាតិ​ធំជាងគេ​ក៏ដោយ​។ អត្រា​ភាគរយ​នៃ FDI របស់​កម្ពុជា​ពី​អាមេរិក​បាន​កើន​ឡើង​ពី ២២៥ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១០ ដល់ ៨៩៣ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២២​។

ថ្មីៗ​នេះ​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​អាមេរិក​ដែល​មក​វិនិយោគ​នៅ​កម្ពុជា មានដូចជា​ក្រុមហ៊ុន Ford, Coca-Cola, Tiffany និង General Electric ដោយសារ​ទំហំ​ទីផ្សារ​កាន់​តែ​ធំ​របស់​កម្ពុជា និង​កំណើន​ប្រាក់​ចំ​ណូ​ល​របស់​ប្រជាជន​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​តាម​ចក្ខុវិស័យ​របស់​វិនិយោគិន​បរទេស ប្រទេសមួយ​ដែលមាន​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច គឺជា​គោលដៅ​ដែល​គេ​ចង់បាន​។ ជាមួយនឹង​គោលបំណង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដែលជា​របៀបវារៈ​នៃ​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​របស់​កម្ពុជា​ក្នុង​រយៈពេល ២៥ ​ឆ្នាំ​ខាងមុខ​»​។​

​លោក​បន្ថែមថា យុទ្ធសាស្ត្រ​នេះ​ដាក់ចេញ​ជា​អាទិភាព​សំខាន់ៗ​ចំនួន​ ៥ គឺ ប្រជាជន ផ្លូវថ្នល់ ទឹក អគ្គិសនី និង​បច្ចេកវិទ្យា ដោយ​ផ្តោត​ជាពិសេស​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​បច្ចេក​​វិទ្យា​ឌីជីថល ដើម្បី​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​បដិវត្តន៍​ឌីជីថល​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់ខ្លួន​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក គួច ផេង បានឱ្យដឹង​ក្នុង​វេទិកា​នេះ​ថា គោលបំណង​សំខាន់​នៃ​វេទិកា​ធុរកិច្ច គឺ​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម ការវិនិយោគ និង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​កម្ពុជា​។​

​លោក​និយាយថា​៖ «​អាមេរិក គឺជា​ទីផ្សារ​នាំចេញ​ឈានមុខ​គេ​របស់​កម្ពុជា និង​ជា​ប្រភព​នៃ​ការវិនិយោគ​បរទេស​ដ៏​សំខាន់​។ ដោយ​ប្រកាន់យក​យុទ្ធ​​សាស្ត្រ​បញ្ច​កោណ​របស់​កម្ពុជា និង​ចក្ខុវិស័យ​កម្ពុជា​ ដើម្បី​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ ​២០៥០ មានឱកាស​ច្រើន​សម្រាប់​វិនិយោគិន​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់​ផងដែរ​ថា សេដ្ឋកិច្ចពិភពលោក​មា​ន​ភាព​ប្រទាក់ក្រឡា​គ្នា​ល្អ និង​ពឹងផ្អែក​គ្នា​កាន់តែខ្លាំង​ឡើងៗ ខណៈ​កម្ពុជា​បន្ត​ពង្រីក​ទំហំ​ទីផ្សារ​តាមរយៈ​ការធ្វើសមាហរណកម្ម​ទៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​តម្លៃ​ពិភពលោក និង​តាម​​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន កិច្ចព្រមព្រៀង​ពា​ណិ​​ជ្ជ​កម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP) ដែល​បម្រើ​ជា​ច្រក​​ផ្លូវ​នាំចេញ​សម្រាប់​ទំនិញ​ផលិត​ដោយ​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​របស់​អាមេរិក​នៅ​កម្ពុជា​ទៅ​ទីផ្សារ​ធំៗ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​-​អញ្ជើញ​វិនិយោគិន និង​ពាណិជ្ជករ​អា​មេ​រិ​កមក​ទស្សនា​ប្រទេស​កម្ពុជា និង​ស្វែងយល់​បន្ថែម​អំពី​សក្តានុពល និង​ឱកាស​សេដ្ឋកិច្ច និង​ការវិនិយោគ​នៅ​កម្ពុជា​។ រដ្ឋាភិបាល​បន្ត​ផ្តល់​ការគាំទ្រ​ដោយ​ឥត​ងាករេ​សម្រាប់​ឱកាស​ដើម្បី​បង្កើត​អាជីវកម្ម ប្រតិបត្តិការ​អាជីវក​ម្ម ការពង្រីក​អាជីវកម្ម និង​ការវិនិយោគ​ក្នុងប្រទេស ក៏ដូចជា​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ទាំង​ផ្នែក​ដែល​នៅ​សេសសល់ និង​ដែល​កំពុង​កើតឡើង ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​ពេញលេញ​នៃ​វិស័យ​ឯកជន​»៕

Post Bottom Ad


Home Pages