កោះកុងៈ កំពង់ផែកោះកុង ឬកោះកុងផតមេនេចម៉ិន ឯ.ក (Koh Kong Port Management Co Ltd) ដែលជាផែឯកជន មានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញពីក្រៅប្រទេស ជាពិសេសការដោះដូរទំនិញពីប្រទេសចិន។
ការដាក់ឱ្យដំណើរការសាកល្បងនូវកំពង់ផែកោះកុងនេះបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយនៅថ្ងៃបើកដំណើរការសាកល្បងនោះ ក៏មានវត្តមាននាវាដឹកទំនិញ១គ្រឿង បានចូលមកចតផងដែរ។ កំពង់ផែនេះមានជម្រៅទឹក១១,២ម៉ែត្រ និងអាចចតនាវា ដែលមានទម្ងន់ចាប់ពី១ម៉ឺនតោនឡើងទៅ ចំនួន២គ្រឿង ក្នុងពេលតែមួយ។
លោក កាវ លាំង ប្រធានក្រុមហ៊ុនកំពង់ផែកោះកុង បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញាថា កំពង់ផែកោះនេះនឹងធ្វើឱ្យទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិន មានភាពរីកចម្រើន និងមានការសហការដ៏រឹងមាំរវាងប្រទេសទាំង២។
លោកបានបន្ថែមថា កំពង់ផែនេះត្រូវសាងសង់ឡើង៣ដំណាក់កាល ដោយនេះជាការបើកដំណើរការសាកល្បង ស្ថិតនៅក្នុងដំណាក់កាលទី១ នៅឡើយទេ ដែលដំណាក់កាលទី១ សាងសង់ប្រមាណ៧០ភាគរយ នៃផ្ទៃដីសរុប១៥ហិកតា របស់ក្រុមហ៊ុន។
លោក កាវ លាំង បានបញ្ជាក់ថា៖«ការពិតយើងត្រូវសាងសង់៣ដំណាក់កាល តែបច្ចុប្បន្នយើងទើបតែធ្វើរួចក្នុងដំណាក់កាលទី១ទេ ។ ការបើកសាកល្បងនេះ គឺដើម្បីស្ទង់ស្ទាបមើលថាតើដំណើរការនៅមានការខ្វះចន្លោះត្រង់ណាខ្លះ ដើម្បីក្រុមហ៊ុនមានការកែលម្អបន្ថែម។ យើងមានដៃគូស្រាប់នៅប្រទេសចិន ដូចនេះនៅពេលដែលយើងបើកដំណើរការសាកល្បងនេះ ច្បាស់ណាស់ សកម្មភាពដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង២នឹងកាន់តែមមាញឹក»។
លោកបានបន្ថែមថា កំពង់ផែនឹងជួយសម្រួលបានច្រើន ចំពោះការដឹកជញ្ជូនទំនិញដោយផ្ទាល់ទៅមករវាងប្រទេសចិននិងកម្ពុជា ព្រោះថា កន្លងមកការដឹកជញ្ជូនរបស់កម្ពុជានិងចិន ត្រូវឆ្លងកាត់ប្រទេសជិតខាង និងត្រូវចំណាយច្រើន។
លោកបន្តថា៖«កំពង់ផែកោះកុង នឹងជួយបានច្រើន ដោយសារនាវាដឹកជញ្ជូនទំនិញមិនបាច់ឆ្លងកាត់ផែប្រទេសជិតខាងទេ គឺយើងអាចដឹកជញ្ជូនទៅមកប្រទេសចិន ដោយផ្ទាល់តែម្តង ចំណេញច្រើន។ មិនត្រឹមតែប៉ុណ្ណឹងទេ ទំនិញដែលឆ្លងកាត់កំពង់ផែនេះ ភាគច្រើនជាផលិតផលកសិកម្ម ដូចនេះខ្ញុំរំពឹងថា កសិផលរបស់កសិករយើង អាចនាំចេញទៅប្រទេសចិនដោយផ្ទាល់បានច្រើន»។
ចំណែកលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទិននឹងវិស័យដឹកជញ្ជូននេះ មានកាន់តែច្រើន កាន់តែប្រសើរ ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានតម្លៃធូរជាងគេ ក្នុងចំណោមមធ្យោបាយដឹកជញ្ជូនទាំងអស់។
លោកបានបញ្ជាក់ថា៖«ខ្ញុំគិតថា វាជាការល្អមួយដើម្បីឱ្យមានការផ្សារភ្ជាប់រវាងប្រទេសនៅលើសកលលោក ក៏ដូចជាការនាំចូលពីប្រទេសដទៃមកកម្ពុជា ជាពិសេសការដឹកជញ្ជូនទៅមករវាងប្រទេសជិតខាង ជាមួយកម្ពុជាយើង»។
លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង នាពិធីកាត់ខ្សែបូដាក់ឱ្យដំណើរការសាកល្បង «កំពង់ផែកោះកុង» នោះបានថ្លែងថា កំពង់ផែកោះកុង នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ៤៨ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ចាំបាច់ភ្ជាប់ពីក្រុងខេមរភូមិន្ទទៅកាន់ផ្លូវជាតិលេខ៤ ដែលកំពុងដំណើរការជួសជុលកែលម្អ លើកកម្ពស់គុណភាព។
សូមជម្រាបថា កំពង់ផែកោះកុង ត្រូវបានរដ្ឋបាលខេត្តកោះកុង ចាត់ទុកជាកំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ (តារាសាគរ) ដែលមានសមត្ថភាពផ្ទុក និងផ្ទេរទំនិញរាប់ម៉ឺនតោនក្នុង ១ ឆ្នាំៗ។
សូមរំឭកដែរថា កាលខែមិថុនា ឆ្នាំ២០២៣នេះ ខេត្តកោះកុង ក៏ទើបតែដាក់ឱ្យដំណើរការកំពង់ផែដងទង់ មានតម្លៃជាង១២ពាន់លានរៀល មានទីតាំងស្ថិតក្នុងក្រុងខេមរភូមិន្ទ ក្នុងចលនាដើម្បីលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ។
កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់នេះ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំង៣ នៃមហាអនុតំបន់មេគង្គ រួមមាន៖ កម្ពុជា ថៃ និងវៀតណាម៕