ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានដាក់គោលដៅរបស់ខ្លួនក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥» និងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។
យោងតាមសុន្ទរកថា របស់លោក ហ៊ុន ម៉ាណែត ដែលបានថ្លែងនាសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២២ ខែកញ្ញា បានលើកឡើងថា បន្ថែមពីលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខ័ណ្ឌសកល កម្ពុជាក៏បានបន្ថែមគោលដៅដោយឡែករបស់ខ្លួន ទាក់ទងនឹងសកម្មភាពមីនគឺ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥»។
លោកមានប្រសាសន៍ថា៖ «ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្ត ផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ យើងក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានកាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាឃាតករលាក់មុខ និងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ បើទោះបីជាសង្គ្រាម ប្រដាប់អាវុធបានបញ្ចប់ទៅក្តី»។
ជុំវិញរឿងនេះដែរលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងនៅថ្ងៃទី ២៦ ខែកញ្ញាថា ក្នុងនាមជាអាជ្ញាធរមីន និងសហគមន៍សកម្មភាពមីននៅទូទាំងប្រទេសកម្ពុជា លោកពិតជាអរគុណចំពោះលោកហ៊ុន ម៉ាណែតដែលតែងតែអំពាវនាវឱ្យដល់ប្រទេសជាមិត្តក្នុងការជួយផ្ដល់ជំនួយសម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការបោសសម្អាតមីន។
លោកបន្តថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគឺដើម្បីធ្វើឱ្យប្រជាពលរដ្ឋខ្មែរ បានសុខសុវត្ថិភាពទាំងការរស់នៅ និងការទទួលបានដីដែលមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ធ្វើកសិកម្ម។ លោក លី ធុជ ថ្លែងថា៖ «អ៊ីចឹង! ការចូលរួមពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ វាជាការចាំបាច់ ហើយយើងស្វាគមន៍ និងអរគុណណាស់ចំពោះការចូលរួមកន្លងមកដោយសប្បុរសពីបណ្ដាប្រទេសជាមិត្តរបស់យើង ប៉ុន្តែគោលដៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះគឺត្រូវការចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចូលរួមពីប្រទេសជាមិត្ត ដើម្បីបញ្ចប់គោលដៅនេះ»។
លោកបន្ថែមថា នៅសល់រយៈពេលតែជាង ២ ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីធ្វើការបោសម្អាតចម្ការមីនមួយចំនួនដែលនៅសេសសល់ខណៈដែលលោកសង្ឃឹមថា ក្រោមការយកចិត្តទុកដាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងពីដៃគូអភិវឌ្ឍនឹងធ្វើឱ្យកម្ពុជាដើរជិតដល់គោលដៅគ្មានមីនត្រឹមឆ្នាំ ២០២៥ ខាងមុខ។
ទាក់ទងនឹងមីននេះដែរកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសិទ្ធិជនពិការលើកទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧-១៩ ខែតុលា ឆ្នាំ ២០២៣ ខាងមុខ។
កាលពីថ្ងៃទី ២១ កញ្ញា លោកលី ធុជ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងសម្រាប់ត្រៀមរៀបចំសន្និសីទសកលដោយលោកបានថ្លែងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការរៀបចំសន្និសីទសកលនេះ ក្រោមកិច្ចសហការជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនអនុសញ្ញាអូតាវ៉ា (ISU-APMBC) ដែលនឹងមានគណៈប្រតិភូមកពីជាង ៤០ ប្រទេសចូលរួម។
សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាប្រទេសទី ១ នៅតំបន់អាស៊ី និងជាប្រទេសទី៣ នៅលើពិភពលោក ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលនេះក្រោមក្របខ័ណ្ឌអនុសញ្ញាអន្តរជាតិអូតាវ៉ា ដែលកម្ពុជាបានក្លាយជារដ្ឋភាគីកាលពីឆ្នាំ ២០០០។
ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar កាលពីថ្ងៃទី ២៣ ខែកញ្ញា នាមហាសន្និបាតនេះដែរលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនៃការលុបបំបាត់ចោលគ្រាប់មីន ដែលកំពុងមានវឌ្ឍនភាពល្អ និងដែលនឹងអាចចូលរួមចំណែកដល់កម្ពុជា នៅក្នុងយុទ្ធនាការនៃការលុបបំបាត់ចោលគ្រាប់មីនទាំងស្រុង នៅឆ្នាំ ២០២៥។
ក្រៅពីនេះភាគីទាំង ២ កម្ពុជា-ឥណ្ឌា បានពិភាក្សាអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសក្តានុពលក្នុងវិស័យសន្តិសុខ ការពារជាតិ ទេសចរណ៍ និងវប្បធម៌ ដោយផ្តោតលើគម្រោងអភិរក្សប្រកបដោយនវានុវត្តន៍តាមរយៈទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសទាំង ២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជានាថ្ងៃទី ២៥ ខែកញ្ញា។ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បានដកស្រង់សម្ដី លោក Jaishankar ថា៖ «ប្រទេសយើងទាំង ២ នឹងខិតខំស្វែងរកវិស័យដែលមានសក្ដានុពល តាមរយៈការពង្រឹងបន្ថែមភាពជាដៃគូអភិវឌ្ឍន៍»។
ភាគីទាំង ២ បានយល់ស្របថា គួរត្រូវពង្រឹងសហប្រតិបត្តិការវិស័យសន្តិសុខ និងយោធាតាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលកងទ័ព និងការរៀបចំការជួបជុំគ្នាសម្រាប់ធ្វើការផ្លាស់ប្តូរជាទស្សនវិស័យ និងបទពិសោធន៍ ឱ្យបានទៀងទាត់ និងញឹកញាប់។ ប្រទេសទាំង ២ កម្ពុជា-ឥណ្ឌា ក៏បានប្ដេជ្ញាចិត្តជួយគាំទ្រ និងសហការគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ដែលជាប្រពៃណីនៃប្រទេសជាមិត្ត តាំងពីយូរលង់មកហើយ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា នៅក្នុងវិស័យទេសចរណ៍ និងវប្បធម៌ លោក Jaishankar យល់ឃើញថា គម្រោងស្តីពីនវានុវត្តន៍ និងអភិរក្ស គួរត្រូវបានរៀបចំឡើង ខណៈដែលប្រទេសទាំង ២ មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។
ពាក់ព័ន្ធនឹងសន្តិសុខតំបន់ លោក Jaishankar បានបង្ហាញពីការព្រួយបារម្ភអំពីបញ្ហាដែលកំពុងកើតមានឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសចំពោះការឆ្លងដែនដ៏គំហុករបស់ប្រជាជនមីយ៉ាន់ម៉ា អស្ថិរភាពតាមតំបន់ជាប់ព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការរៀបចំ ដែលទាំងនេះទាមទារការយកចិត្តទុកដាក់ខ្ពស់ ទាំងការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបញ្ហាដែលជាឫសគល់ និងអំពីដំណោះស្រាយសមស្រប។
លោកបញ្ជាក់ថា ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច និងចូលរួមជាមួយអាស៊ាន នៅក្នុងកិច្ចដំណើរការដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។
ចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជម្លោះដែលកំពុងតែរីកសាយភាយគួរត្រូវបានដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ និងគួរមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសពីគ្រប់សមាជិកទាំងអស់របស់អាស៊ាន។
លោកបានថ្លែងថា៖ «ការផ្តល់ដំណោះស្រាយសមស្រប និងប្រកបដោយប្រសិទ្ធភាពនៅមីយ៉ាន់ម៉ា គឺជាការបង្ហាញពីសមត្ថភាព ភាពខ្លាំង និងការរួបរួមគ្នាជាធ្លុងមួយក្នុងក្របខ័ណ្ឌអាស៊ាននៅក្នុងការបំពេញតួនាទីជាយន្តការតំបន់ដ៏មានប្រសិទ្ធភាព។ អាស៊ានត្រូវរួបរួមគ្នាជាសំឡេងតែមួយ ដើម្បីបញ្ចប់នូវរាល់ជម្លោះ និងត្រូវចាប់ផ្តើមផ្តល់ជំនួយដល់ប្រជាជនដែលងាយរងគ្រោះ»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាបានបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយសមស្រប និងបន្តផ្តល់នូវគំនិតផ្តួចផ្តើមនានា សំដៅកសាងសុខសន្តិភាពឡើងវិញ ជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា៕