សម្តេចតេជោ រំលឹកជប៉ុន ចង់ឱ្យមានសមាគមប្រទេសនាំចេញអង្ករ - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


សម្តេចតេជោ រំលឹកជប៉ុន ចង់ឱ្យមានសមាគមប្រទេសនាំចេញអង្ករ

 (ភ្នំពេញ)៖ ក្នុងជំនួបជាមួយប្រធានសមាគមជប៉ុន-កម្ពុជា, សម្តេចតេជោ ហ៊ុន សែន បានរំលឹក​អំពី​ទស្សន​វិស័យនៃការកសាងសន្តិសុខ​ស្បៀង​នៅតំបន់ទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ខ្សែច្រវាក់​ផលិត​កម្ម និងគំនិតផ្តួចផ្តើមនៃការបង្កើត​សមាគម​បណ្តាប្រទេសនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាព​ថ្លៃ និងមានការឯកភាពគ្នា​ក្នុងការផ្គត់​ផ្គង់នៅ​លើ​ទីផ្សារ។



ក្រៅតែពីរំលឹកលើបញ្ហាខាងលើនេះ ក្នុងជំនួបនៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា នៅវិមាន៧មករា លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជា​អតីត​ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានរាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផល​ការងារ​ដែលសមាគមសម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរ​សាទរ​ខួប​អនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើឡើង​នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយសហការជាមួយគណៈកម្មាធិការជាតិរៀប​ចំបុណ្យ​ជាតិ-អន្តរជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកប្រធានសមាគម ក៏បានជម្រាបជូនអំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសស​ហគ្រាស ធុនតូចនិងមធ្យម (SMEs) មកវិនិយោគលើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលលោក បានសន្ទនាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។



សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងឆ្លើយតបជាវិជ្ជមានចំពោះការគាំទ្រ​លើការ​វិនិ​យោគ ស្របតាមច្បាប់វិនិយោគកម្ពុជា ហើយបានបញ្ជាក់អំពីគោលបំណងចង់ឱ្យវិនិយោគិន​ជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ រួមមាន៖ (១) ការបង្កើតរោងចក្រ ដើម្បីកែច្នៃវត្ថុធាតុ​ដើម​ដែលមានស្រាប់នៅកម្ពុជា និង (២) បច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោងចក្រដំឡើងរថយន្ត គ្រឿងបង្គុំអេឡិចត្រូនិច និងថាមពលជាដើម។

សម្តេចតេជោ បានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយចាត់​ទុក​ ជាស្ពានឬស្សី ដែលត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាមានស្ពានបេតុង ដែលជាទំនាក់​ទំនង​ការទូតល្អរវាងរដ្ឋ និងរដ្ឋក៏ដោយ៕

Post Bottom Ad


Home Pages