(កណ្ដាល)៖ ដីស្រែប្រាំងរបស់បងប្អូនកសិករចំនួន២៣៥គ្រួសារ លើផ្ទៃដី១,០៧៥ហិចតា ដែលកំពុងខ្វះខាតទឹក បានទទួលជំនួយសង្រ្គោះបន្ទាន់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
ពេលចុះត្រួតស្ថានភាពការបូមទឹកបញ្ចូលស្រែពលរដ្ឋ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ អភិបាលខេត្តកណ្ដាល បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ស្ថិតក្នុងភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល។
លោក គង់ សោភ័ណ្ឌ បានថ្លែងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រស់នៅជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល មានការខ្វះខាតទឹកសម្រាប់ដំណាំស្រូវ, លោកបានចាត់ឱ្យមន្ត្រីជំនាញខេត្តស្រុក ធ្វើការចុះពិនិត្យ និងអន្តរាគមន៍ភ្លាមៗ ដើម្បីទៅជួយសង្គ្រោះទាន់ពេលវេលា។
អភិបាលខេត្ត ក៏បានបញ្ជាក្រុមការងារពាក់ព័ន្ធ ត្រូវជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ដោយបូមទឹកពីទន្លេតូច បង្ហូរចូលទៅព្រែកស្ដីប្រវែង៥០០ម៉ែត្រ ដើម្បីទម្លាក់ទឹកចូលទៅបឹងខ្យង សម្រាប់ស្រោចស្រពលើផ្ទៃដីដំណាំស្រូវចំនួន ៦៥០ហិចតា របស់ប្រជាកសិករ ១៦០គ្រួសារ នៅភូមិជ្រៃលាស់, បូមទឹកពីទន្លេតូចបង្ហូរចូលព្រែកតាជា ប្រវែង ១,០០០ម៉ែត្រ ដើម្បីទម្លាក់ទឹកចូលទៅចុងព្រែកសម្រាប់ស្រោចស្រពលើផ្ទៃដីដំណាំស្រូវប្រាំងចំនួន ៤២៥ហិចតា របស់ប្រជាកសិករ ៧៥គ្រួសារ ក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល។
ប្រជាពលរដ្ឋសប្បាយរីករាយជាពន់ពេក និងសូមអរគុណអភិបាលខេត្ត ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ជួយដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានទាន់ពេលវេលា៕