វិនិយោគិនម៉ាឡេស៊ីមកពីសមាគមចំនួន ២០ បានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានច្បាប់វិនិយោគទាក់ទាញខ្លាំង ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ បានកើនឡើងជិត ២០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
ចំណាប់អារម្មណ៍នេះត្រូវបាន លោក Dato' Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចមកពី ២០ សមាគមក្នុងប្រទេសម៉ាឡេស៊ី មកជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្ដិភាព កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា។
ក្នុងជំនួបខាងលើ លោក Dato' Sri Dr. Ricky Yaw បានបង្ហាញក្តីរីករាយខ្លាំងដែលបានជួបពិភាក្សាការងារផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជា ខណៈរូបលោកបានដឹកនាំគណៈប្រតិភូធុរកិច្ចចំនួន ២០ សមាគមនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីមកពិនិត្យស្ថានភាព និងស្វែងរកឱកាសបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។ គណៈប្រតិភូម៉ាឡេស៊ី ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា គឺមានច្រើនវិស័យដូចជា អប់រំ សុខាភិបាល សហគ្រាសធុនតូច និងមធ្យម(SMEs) ការកែច្នៃផលិតផលកសិកម្ម សំណង់ និងអចលនទ្រព្យ ជាដើម។
លោកបានអះអាងថា៖«សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ត្រូវបានបង្កើតឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោគិននៃប្រទេសទាំងពីរ»។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានសម្ដែងការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី ជាពិសេសការពង្រីកការតភ្ជាប់រវាងប្រទេសទាំងពីរ ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Airways ដែលទើបចាប់ផ្តើមបើកជើងហោះហើរត្រង់ភ្នំពេញ-ប៉េណាំង-ភ្នំពេញ នាថ្ងៃទី២៦ ខែមិថុនា ចំនួន ២ ជើងក្នុង ១សប្តាហ៍បន្ថែមលើជើងហោះហើរដែលមានស្រាប់។
លោកបានបន្ថែមថា កម្ពុជាសូមស្វាគមន៍ចំពោះធុរជន និងវិនិយោគិនម៉ាឡេស៊ីដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានគោលនយោបាយលើកទឹកចិត្តច្រើន ដោយរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការគាំទ្រ និងលើកទឹកចិត្តជាច្រើនទៅដល់វិនិយោគិន មានដូចជា ច្បាប់ស្តីពីវិនិយោគប្រកបដោយភាពសេរី ជាមួយនឹងការលើកទឹកចិត្តជាច្រើន ជាពិសេសលើវិស័យ SMEs ដែលជាវិស័យគន្លឹះមួយក្នុងការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ លោកបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការនានាដើម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងទីផ្សារអន្តរជាតិ។
លោកបានថ្លែងថា៖«ខ្ញុំសូមលើកទឹកចិត្តឱ្យសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីគោលនយោបាយ និងការលើកទឹកចិត្តនានា ហើយឈានទៅចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជាផ្ទាល់តែម្តង»។
ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ជំរុញទំហំពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជននៃប្រទេសកម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់តែប្រសើរ កាលពីថ្ងៃទី៦ ខែឧសភា តំណាងសភាពាណិជ្ជកម្មកម្ពុជា(CCC) និងតំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិនម៉ាឡេស៊ី(The Associated Chinese Chambers of Commerce and Industry of Malaysia (ACCCIM) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) នៅទីស្នាក់ការកណ្តាលនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ ឱ្យរឹតតែខ្លាំង កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី និង ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី លោក Abdul Rasheed Ghaffour បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពថែមទៀត ព្រមទាំងផ្តល់ជាប្រយោជន៍ដល់ប្រជាជន និងធុរជននៃប្រទេសទាំងពីរ។ MoU នេះគឺជាការបើកផ្លូវឱ្យកម្ពុជា-ម៉ាឡេស៊ី ធ្វើការទូទាត់ប្រាក់តាមរយៈ QR Code ជាមួយគ្នាផងដែរ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា រយៈពេល ៥ខែដើមឆ្នាំ២០២៥ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ម៉ាឡេស៊ី មានទឹកប្រាក់សរុប ៤២៩,២៧ លានដុល្លារ កើនឡើង ១៧,១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយក្នុងនោះទំនិញកម្ពុជានាំទៅម៉ាឡេស៊ីចំនួន ៥៧,៥២ លានដុល្លារ កើន ៥,៧ភាគរយ ចំណែកម៉ាឡេស៊ីនាំចូល ៣៧១,៧៥ លានដុល្លារ កើន ១៩,១ ភាគរយ។ ម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំទី៩ របស់កម្ពុជាដែលនាំមុខដោយប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់។
កាលពីឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៨៦៥,៥២លានដុល្លារ កើន ៣៦,៩ភាគរយបើធៀបឆ្នាំ២០២៣ ដោយកម្ពុជានាំទំនិញទៅម៉ាឡេស៊ី ១៤៧,៣៩លានដុល្លារ កើនឡើង ៤០,៣ភាគរយ និងម៉ាឡេស៊ីនាំមកវិញ ៧១៨,១៣លានដុល្លារ កើន ៣៦,២ភាគរយ៕