ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាមរយៈព្រះរាជសារចុះថ្ងៃទី២៧ ខែមិថុនា ស្តេចបានបង្ហាញពីព្រះទ័យសោមនស្សរីករាយ និងថ្លែងអំណរគុណសម្តេច ហ៊ុន សែន ចំពោះបេសកកម្មនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ដើម្បីចុះសួរសុខទុក្ខ និងនាំអំណោយជូនដល់វីរកកងទ័ព និងប្រជារាស្ត្រ។
ក្នុងបេសកកម្មនេះដែរ សម្តេច ហ៊ុន សែន ក៏បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងសេចក្តីនឹករលឹក អំពីព្រះវររាជមាតាជាតិខ្មែរ និងព្រះមហាក្សត្រ ជូនដល់វីរកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការនៅ សមរភូមិជួរមុខ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា និងប្រជារាស្ត្រដែល បានជម្លៀសទៅស្នាក់នៅទីសុវត្ថិភាព។
«ខ្ញុំសូមសម្តែងនូវហឫទ័យគាំទ្រទាំងស្រុង និងមានជំនឿជឿជាក់យ៉ាងមុតមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ព្រះរាជាណាចក្រកម្ពុជា មានឯកភាពជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិយ៉ាងច្បាស់លាស់ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់ វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ»។