ភ្នំពេញ៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារ ផ្តល់នូវមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម រួមទាំងជួយដល់ការរីកចម្រើននៃវិស័យឯកជន។ តែយ៉ាងណាមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់ដល់ MSMEs គ្រប់វិស័យ ត្រូវពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍អាជីវកម្មខ្លួនជាប្រចាំ។
ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការត្រៀម លក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (MSMEs Readiness for LDC Graduation) ត្រូវបានប្រារព្ធឡើងនាថ្ងៃទី២៧ ខែមិថុនា។ ការណ៍នេះបានបញ្ជាក់សារជាថ្មីអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការប្តេជ្ញាជំរុញគាំទ្រ និងការផ្តល់តម្លៃដល់វិស័យនេះ ដែលជាឆ្អឹងខ្នងនិងជាកម្លាំងចលករអូសទាញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សង្គម។
MSMEs បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារ ផ្តល់នូវមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម និង រួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។ នេះបើយោងតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាជាតិលើកទី២នេះ។
សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គមសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងពេលជាង២ទសវត្សរ៍នេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍ តិចតួចនៅចុងឆ្នាំ២០២៩។ សម្តេច បានបញ្ជាក់ថា ៖ « MSMEs ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹង ត្រូវមានតួនាទីកាន់តែធំធេងនិងគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ»។
លក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍបានផ្តល់ជូនកម្ពុជា នឹងមានការប្រែប្រួល ហើយកាន់តែតឹងរឹងជាងមុន។ « ប្រការនេះទាមទារឱ្យគ្រប់តួអង្គមិនថាវិស័យសាធារណៈ ឬវិស័យឯកជន ជាពិសេសសហគ្រាសគ្រប់ប្រភេទ ត្រូវបង្កើននិងពង្រឹងសមត្ថភាព មានការអភិវឌ្ឍនិងវិវត្តអាជីវកម្មខ្លួនជាប្រចាំ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន និងអាចបន្តប្រកួតប្រជែងក្នុងសង្វៀនធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងយុគសម័យបច្ចេកវិទ្យាកាន់តែទំនើប និងសេដ្ឋកិច្ចពិភពលោកដែលមានភាពមិនច្បាស់លាស់។ បង្គោលចរ ២០២៩ គឺជាវិញ្ញាសាមិនសាមញ្ញនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលជឿជាក់ថាយើងអាចសម្រេចបាន»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត។
ស្របពេលដែលកម្ពុជា បន្តទទួលបានកំណើនការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើនក្នុងវិស័យឧស្សាហកម្មកំពុងឈានមុខគេ និងអាចសម្រេចបានក្នុងរង្វង់ប្រមាណ៧,៨ភាគរយ ក្នុងឆ្នាំ២០២៥។ បើតាមសម្តេច និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់ MSMEs ក្នុងការចូលរួមពង្រីក ពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែមដែលកាន់តែមានសក្តានុពល។
ប្រមុខរដ្ឋាភិបាលមើលឃើញថា មួយឆ្នាំកន្លងមកនេះ វិស័យ MSMEs សម្រេចបាននូវសមិទ្ធផល ថ្មីៗជាច្រើនគួរជាទីសាទរ។ តាមរយៈគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការគាំទ្រនានាដែល រាជរដ្ឋាភិបាល បានដាក់ចេញ ការទទួលបានសេវាសាធារណៈពីបណ្តាក្រសួងស្ថាប័ន ជារួម មានភាពល្អប្រសើរ កាន់តែ ងាយស្រួល និងធ្វើឡើងតាមមធ្យោបាយឌីជីថលច្រើនឡើង។ ជាមួយគ្នានេះ ក្រសួងស្ថាប័ននានាកំពុងបន្តដាក់ចេញនូវវិធានការ ដើម្បីពង្រឹងនិងលើកកម្ពស់សមត្ថភាពវិស័យឯកជន ការសម្រួលពាណិជ្ជកម្ម និងរកដំណោះស្រាយចំពោះ បញ្ហាប្រឈមដែលនៅសេសសល់។
ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ដូចជាប្រព័ន្ធបាគង និងស្តង់ដា KHQR Code ជាដើម បានរួមចំណែកសម្រួលដល់ការធ្វើប្រតិបត្តិការ ដែលគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម ខ្នាតតូចនិងអនឡាញ។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបើកគណនី និងផ្តល់ជា QR Code ប្រមាណជាង ១,៥ លាននាក់ សម្រាប់បុគ្គលស្វ័យនិយោជន៍។ ចំនួនអ្នកខ្ចីជាសហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ ៨២០ ៩៨៧ នាក់ គិតជាទឹកប្រាក់ប្រមាណ ៨៥ ៣៣០ ប៊ីលានរៀល ស្មើនឹង ៣៦,៣ ភាគរយ នៃឥណទានសរុបនៃប្រព័ន្ធធនាគារ។ សារលិខិតរបស់សម្តេចដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង ៧០ ០០០ បានចុះឈ្មោះដើម្បីបានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងទទួលបានអត្ថប្រយោជន៍នានា។
រដ្ឋាភិបាលបានវាយតម្លៃខ្ពស់ នឹងប្តេជ្ញាគាំទ្រចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលបានខិតខំកសាងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ទោះបីកំពុងស្ថិតក្នុងបរិការណ៍សេដ្ឋកិច្ចមានការប្រឈមក្តី។ ដ្បិតកំណើននៃធុរកិច្ចមួយចំនួនបានថមថយ ហើយការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ និង ពាណិជ្ជកម្មអនឡាញកំពុងគំរាមកំហែងដល់ធុរកិច្ចជាប្រពៃណីមួយចំនួនក្តី តែរដ្ឋាភិបាលបានមើលឃើញនូវ ឱកាសធុរកិច្ចថ្មីៗពីឧស្សាហូបនីយកម្ម ក៏ដូចជាសក្តានុពលនៃការពង្រឹងនិងពង្រីកសមត្ថភាពនៃធុរកិច្ចកំពុងបន្តចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
« ឈរលើមូលដ្ឋាននេះ ការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនៅដំណាច់ឆ្នាំ២០២៩ គួរត្រូវបានយើងទាំងអស់គ្នា ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ចាត់ទុកជាឱកាសដែលត្រូវក្តាប់យក និងទាញប្រយោជន៍ឱ្យបានជាអតិបរមា ជាជាងការភ័យព្រួយបារម្ភ និងខ្លបខ្លាចនូវការគំរាមកំហែងក៏ដូចជា ការប្រកួតប្រជែងពីខាងក្រៅ»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលតាមរយៈបទពិសោធនៃបណ្តាសេដ្ឋកិច្ចជឿនលឿន មានតែការត្រៀមលក្ខណៈការពង្រឹងនិងអភិវឌ្ឍសមត្ថភាព សហគ្រិនភាព នវានុវត្តន៍ និងការខិតខំព្យាយាមបំពេញអនុលោមភាពប៉ុណ្ណោះ ដែលជាកត្តាកំណត់នៃភាពជោគជ័យក្នុងដំណើរការវិវត្តនេះ។
បើតាមសម្តេច ហ៊ុន ម៉ាណែត អនុលោមភាព ទោះបីអាចជាបន្ទុកបន្ថែមមកលើអាជីវកម្ម និងធុរកិច្ច ប៉ុន្តែ ក៏ជាម្ចាស់និងជាស្ពានចម្លងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យអាចរីកធំធាត់និងបោះជំហានទៅមុខបន្តទៀតបាន។ ជាសត្យានុម័ត បន្ទុកនៃអនុលោមភាព គឺត្រូវបានយន្តការទីផ្សារ អ្នកប្រើប្រាស់ និងនិយាមស្តង់ដាអន្តរជាតិ ជាអ្នកកំណត់ ហើយមិនចំណុះលើកត្តារាជរដ្ឋាភិបាលទាំងស្រុងនោះទេ។
អនុលោមភាព នឹងមិនមែនគ្រាន់តែ ជាជម្រើសទៀតទេ ប៉ុន្តែគឺជាកាតព្វកិច្ច និងជាគន្លងដែលអាជីវកម្មនិងធុរកិច្ចមិនអាចគេចវេសរួច។ ក្នុងន័យនេះ សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវ សហគ្រាសធុនមីក្រូ តូច និងមធ្យម គ្រប់ប្រភេទ គ្រប់វិស័យ ឱ្យខិតខំពង្រឹង សមត្ថភាពនិងអភិបាលកិច្ចអាជីវកម្មរបស់ខ្លួន ដើម្បីឈានឆ្ពោះទៅរកអនុលោមភាពពេញលេញ និងអាច ចាប់យកឱកាសពីវដ្តសេដ្ឋកិច្ចថ្មីនេះ។
ការផ្លាស់ប្តូរឥរិយាបថ ផ្នត់គំនិត របៀបរបបការងារ អភិបាលកិច្ច ការពង្រឹងនិងលើកកម្ពស់គុណភាព សុវត្ថិភាព ស្តង់ដា អនាម័យ ការវិនិយោគបន្ថែមដើម្បីលើកកម្ពស់ផលិតភាព ដូចជាការប្រើប្រាស់បច្ចេកវិទ្យា និងទំនើបកម្មគ្រឿងម៉ាស៊ីន និងជាពិសេសការវិនិយោគលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញ គឺជាគន្លឹះដើម្បីឈានទៅរកអនុលោមភាព ហើយគួរត្រូវបានចាត់ទុកជាការវិនិយោគជាជាង បន្ទុកមកលើអាជីវកម្មនិងធុរកិច្ច។ « ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នទាំងអស់ ខ្ញុំគាំទ្រនូវសកម្មភាពនិងវិធានការទាំងឡាយណា ដែលនឹងពូនជ្រំ និងជ្រោមជ្រែងឱ្យ វិស័យនេះ ឱ្យកាន់តែរីកចម្រើន ដើម្បីវិបុលភាពនៃប្រជាពលរដ្ឋយើងគ្រប់ៗរូប»៕