អាម៉េរិកអាចប្រើកញ្ចប់វិនិយោគ ៣០ពាន់លានដុល្លារ ដើម្បីនាំអុីរ៉ង់ត្រឡប់ទៅតុចរចា - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


អាម៉េរិកអាចប្រើកញ្ចប់វិនិយោគ ៣០ពាន់លានដុល្លារ ដើម្បីនាំអុីរ៉ង់ត្រឡប់ទៅតុចរចា

 រដ្ឋបាលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កំពុងពិចារណាជួយអុីរ៉ង់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិលដែលមិនពាក់ព័ន្ធនឹងការចម្រាញ់អ៊ុយរ៉ាញ៉ូម ដោយផ្តល់ការវិនិយោគប្រមាណ ២០-៣០ ពាន់លានដុល្លារ ឬក៏ការបន្ធូរបន្ថយទណ្ឌកម្ម ព្រមទាំងការអនុញ្ញាតឱ្យអុីរ៉ង់ចូលប្រើប្រាស់មូលនិធិ ៦ ពាន់លានដុល្លារដែលកំពុងបង្កក ដើម្បីបញ្ចុះបញ្ចូលឱ្យទីក្រុងតេហេរ៉ង់ចូលតុចរចា។




រដ្ឋបាលប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីនាំទីក្រុងតេហេរ៉ង់ត្រឡប់ទៅតុចរចា ដើម្បីគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាអាម៉េរិកបានវាយប្រហាររោងចក្រនុយក្លេអ៊ែរអុីរ៉ង់ចំនួន៣ កាលពីចុងសប្តាហ៍ក៏ដោយ។

សារព័ត៌មាន CNN នៅថ្ងៃទី ២៦ ខែមិថុនាបានដកស្រង់ប្រភពពត៌មានជាច្រើន និងមន្ត្រីរដ្ឋាភិបាលដោយបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងសិក្សាសំណើចំនួន ៣ ទាក់ទងកញ្ចប់ហិរញ្ញវត្ថុ ដើម្បីបញ្ចុះបញ្ចូលទីក្រុងតេហេរ៉ង់រួមមាន​ កញ្ចប់ជំនួយចន្លោះពី ២០ ទៅ ៣០ ពាន់លានដុល្លារ ដើម្បីកសាងកម្មវិធីនុយក្លេអ៊ែរស៊ីវិលដោយគ្មានការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ការដកទណ្ឌកម្មសេដ្ឋកិច្ចមួយផ្នែក និងការអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានទឹកប្រាក់ ៦ពាន់លានដុល្លារដែលកំពុងជាប់គាំង។

ខ្លឹមសារនៃសំណើមួយចំនួនត្រូវបានព្រាងកាលពីថ្ងៃទី២០ ខែមិថុនា នៅសេតវិមាន ក្នុងជំនួបរវាងបេសកជនពិសេសអាម៉េរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff និងប្រទេសដៃគូឈូងសមុទ្រ ប្រហែល មួយថ្ងៃមុនពេលដែលអាម៉េរិកវាយប្រហារតំបន់នុយក្លេអ៊ែរ Natanz, Isfahan និង Fordow របស់អុីរ៉ង់។

ជុំវិញកញ្ចប់វិនិយោគពី ២០ ទៅ ៣០ពាន់លានដុល្លារ ដែលបានស្នើឡើងសម្រាប់កម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់អុីរ៉ង់ ប្រភពបានអះអាងថា លំហូរដើមទុននេះថាត្រូវបានបង់ដោយសម្ព័ន្ធមិត្តរបស់អាម៉េរិកនៅក្នុងប្រទេសឈូងសមុទ្រ មិនមែនការវិនិយោគផ្ទាល់ពីអាម៉េរិកនោះទេ។ ជម្រើសនៃជំនួយអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ក៏ត្រូវបានលើកឡើងដោយទីក្រុងវ៉ាស៊ីនតោននៅក្នុងការចរចាជាច្រើនជុំ នាប៉ុន្មានខែថ្មីៗនេះ។

មន្ត្រីម្នាក់បាននិយាយថា អាម៉េរិក«ត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំកិច្ចសន្ទនា»រវាងអុីរ៉ង់ និងប្រទេសឈូងសមុទ្រ ប៉ុន្តែនឹងមិនប្តេជ្ញាដោយផ្ទាល់ចំពោះការវិនិយោគនៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់នោះទេ។

ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យផ្តល់មូលនិធិដល់អុីរ៉ង់ ក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរ ដោយគ្មានហេដ្ឋារចនាសម្ព័ន្ធចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីជំនួសអគាររោងចក្រ ដែលត្រូវបានកម្ទេចដោយគ្រាប់បែកអាម៉េរិក។ 

បេសកជនពិសេស លោក Witkoff បានថ្លែងនៅសប្តាហ៍នេះថា អាម៉េរិកចង់ឈានដល់«កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ»ជាមួយអុីរ៉ង់។ លោកបញ្ជាក់ថា គម្រូដែលអុីរ៉ង់អាចយកធ្វើតាម គឺកម្មវិធីនុយក្លេអ៊ែររបស់អេមីរ៉ាត់អារ៉ាប់រួម ដែលប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមដែលនាំចូលជំនួសឱ្យការពង្រឹងសម្ភារៈនុយក្លេអ៊ែរដោយខ្លួនឯង។

លោក Witkoff បានចោទជាសំណួរជាមួយសារព័ត៌មាន CNBC ថាតើយើងកសាងអុីរ៉ង់នូវកម្មវិធីនុយក្លេអ៊ែរស៊ីវិលកាន់តែប្រសើរឡើងដោយរបៀបណា ហើយប្តេជ្ញាថានឹងមិនធ្វើឱ្យមានសារធាតុអ៊ុយរ៉ាញ៉ូមដោយខ្លួនឯងនោះ?

ម្យ៉ាងវិញទៀត អុីរ៉ង់​នៅតែ​ប្រយ័ត្នប្រយែង​ចំពោះ​លទ្ធភាព​នៃ​ការចរចា និង​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក។ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់តាមទូរទស្សន៍រដ្ឋកាលពីថ្ងៃទី២៦ ខែមិថុនាថា មិនមានកិច្ចព្រមព្រៀងដើម្បីបន្តការចរចាជាមួយអាម៉េរិកទេ ហើយមិនមានការពិភាក្សាថ្មីអំពីបញ្ហានេះទេ។

លោក Araghchi បានបន្តថា កិច្ចព្រមព្រៀងណាមួយដើម្បីគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ ត្រូវតែផ្អែកលើសសរស្តម្ភចំនួនបីគឺ សិទ្ធិក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមនៅលើដីអុីរ៉ង់ ទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្ម ហើយទីក្រុងតេហេរ៉ង់ខ្លួនឯងត្រូវផ្តល់ការធានាថានឹងមិនបន្តអាវុធនុយក្លេអ៊ែរ។

បើតាមរដ្ឋមន្ត្រីការបរទេសអុីរ៉ង់រូបនេះ មុនពេលមានការវាយប្រហារ អុីរ៉ង់បានច្រានចោលសំណើរបស់អាម៉េរិក ហើយកំពុងរៀបចំបង្ហាញសំណើរបស់ខ្លួននៅក្នុងការចរចាបន្ទាប់ ប៉ុន្តែកិច្ចប្រជុំត្រូវបានលុបចោល ដោយសារអុីស្រាអែលបើកយុទ្ធនាការយោធា៕

Post Bottom Ad


Home Pages