ភ្នំពេញ៖ រយៈពេល៣ថ្ងៃមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានរកឃើញសំណល់ថ្នាំគីមីកសិកម្មលើបន្លែ ៨ប្រភេទ នៅខេត្តព្រះសីហនុ និងខេត្តកណ្តាល។ ក្នុងនោះមាន ប្រភេទបន្លែចំនួនមានប្រភពមកពីប្រទេសវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក.ប.ប។
សាខា ក.ប.ប. ខេត្តកណ្ដាល បានសហកាជាមួយសាខាគយ និងរដ្ឋាករខេត្តកណ្ដាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទំនិញបន្លែផ្លែឈើ ដែលនាំចូលតាមឡានដឹកទំនិញ នៅច្រកទ្វាអន្តរជាតិជ្រៃធំ ខេត្តកណ្តាល នាថ្ងៃទី២៦ ខែមិថុនា។ ការណ៍នេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើសំណាកគំរូចំនួន ២២សំណាក។ ក្នុងនោះ មានស្លឹកខ្ទឹម ប៉េងប៉ោះ ស្ពៃបូកគោ ការ៉ុត ម្ដេញ ម្រះ មើមឆៃថាវ ខ្ទឹមបារាំង ម្ទេសម៉ាឡេ ម្ទេសហាវ៉ៃ ស្ពៃក្ដោបពណ៌ស្វាយ ស្ពៃក្ដោប មើមត្រាវ(តូច-ធំ) ដំឡូវបារាំង ក្រូចតែជ្រក់ សណ្ដែកហោឡាំងតាវ មើមដំឡូវជ្វា មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ ត្រប់វែង និងសណ្ដែកបារាំងបៃតង។
« ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបន្លែ ចំនួន៤សំណាកគំរូ រួមមានស្លឹកខ្ទឹម មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ និងសណ្ដែកហោឡាំងតាវ មានផ្ទុកសំណល់ថ្នាំកសិកម្ម»។ នេះជាការបញ្ជាក់របស់ ក.ប.ប ដែលបច្ចុប្បន្នជំនាញបានបញ្ជូនសំណាកគំរូទាំងនោះ ទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគលម្អិតបន្តស្វែងរកអនុលោមភាព។
ដោយឡែក នៅថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទំនិញ និងម្ហូបអាហារ នៅតាមម៉ាតក្នុងក្រុងព្រះសីហនុ ចំនួន៤ទីតាំង និងបានដកយកម្ហូបអាហារចំនួន ៤ប្រភេទ រួមមាន សណ្តែកចិន ផ្លែស៊ូ ម្ទេសចិន និងខ្ទឹមបារាំង បញ្ជូនមកមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា ដើម្បីធ្វើតេស្តស្វែងរកសារធាតុគីមីហាមឃាត់។ ជាលទ្ធភាព អាហារទាំងប្រភេទនេះ បន្លែទាំងនេះគឺសុទ្ធសឹងផ្ទុកសំណល់គីមីកសិកម្ម។
ក្នុងសមាជ រដ្ឋសភា ព្រឹទ្ធសភា លើកទី១ កាលពីថ្ងៃទី៣ ខែមិថុនា លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានប្រាប់រដ្ឋាភិបាលឱ្យប្រុងប្រយ័ត្នលើការនាំចូលទំនិញពីប្រទេសជិតខាង និងស្នើសុំយ៉ាងទទូចឱ្យរដ្ឋាភិបាលពិនិត្យគុណភាពលើការនាំចូលបន្លែ ផ្លែឈើ ត្រី សាច់ ជាដើម ឱ្យបានតឹងរ៉ឹង។ លោកបានបញ្ជាក់ថា៖ «ការនាំចូល សូម្បីតែជ្រូករស់ ក៏អាចគេដាក់គីមីបានដែរ។ គេចាក់ថ្នាំតែមួយម្ជុល ១៥ថ្ងៃក្រោយមក គេហ៊ានឱ្យតម្លៃលើស១កាក់នៃតម្លៃដែលគេទិញធម្មតា។ អ៊ីចឹង! យើងប្រាកដជាមានបញ្ហាហើយសាច់ជ្រូកដែលយកទៅព្យួរ ដាក់លក់លើទីផ្សារអត់ឃើញរុយរោម ហើយសាច់នៅក្រហមចែស ហ្នឹងហើយ គឺ គីមី។»៕