នៅក្នុងសុន្ទរកថាប្រចាំឆ្នាំនៅរដ្ឋសភា ស្តីពីកញ្ចប់ថវិកា ប្រធានាធិបតីអភិរក្សនិយមកូរ៉េខាងត្បូង លោកលី ចែម្យុងបាននិយាយថា កូរ៉េខាងត្បូងនឹងដំឡើងថវិកាកងទ័ពប្រមាណ៨,២%បន្ថែមទៀត សម្រាប់ចំណាយនៅឆ្នាំ២០២៦។ មានវត្តមាននៅកូរ៉េខាងត្បូងក្នុងក្របខ័ណ្ឌទស្សនកិច្ចមួយជុំនៅអាស៊ី រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Pete Hegsethបានថ្លែងអបអរសាទរស្វាគមន៍កូរ៉េខាងត្បូង ដែលដំឡើងថវិកាយោធាដើម្បីអាចការពារខ្លួនឯងពីការគំរាមកំហែងឈ្លានពានពីសំណាក់កូរ៉េខាងជើង។
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោកPete Hegseth បានផ្តើមទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូង ជាមួយការចុះចតសាកសួរសុខទុក្ខកងទ័ពអាម៉េរិកប្រចាំការនៅភូមិ ផាន់ម៉ុនចុម(Panmunjom) ក្នុងតំបន់គ្មានកងទ័ពនៅព្រំដែនកូរ៉េទាំងពីរ។ នៅទីនោះហើយដែលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ធ្លាប់បានស្កាត់ទៅចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនកាលពី៦ឆ្នាំមុន។
បន្ទាប់ពីជួបពិភាក្សាទ្វេភាគីជាមួយលោកអាន យូប៊ែក រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង ប្រមុខការពារជាតិអាម៉េរិកនៅថ្ងៃអង្គារទី ៤វិច្ឆិកាបានថ្លែងកោតសរសើររដ្ឋាភិបាលក្រុងសេអ៊ូលដែលសម្រេចដំឡើងថវិកាយោធារបស់ខ្លួនបន្ថែមទៀត។ ចំពោះរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ដោយដំឡើងថវិកាកងទ័ពឲ្យកាន់តែច្រើនជាងមុន សម្ព័ន្ធមិត្តកូរ៉េខាងត្បូងនឹងអាចការពារខ្លួនឯង នៅចំពោះមុខការគំរាមកំហែងរបស់កូរ៉េខាងជើង។
អ្នកវិភាគវាយតម្លៃថា ដោយជំរុញឲ្យសេអ៊ូលវិនិយោគកាន់តែច្រើនដើម្បីធ្វើទំនើបកម្មសព្វាវុធ វ៉ាស៊ីនតោនចង់ប្រមូលកម្លាំងយោធារបស់ខ្លួនដើម្បីផ្តោតតែម្យ៉ាងទៅលើការទប់ទល់នឹងមហាអំណាចយោធាចិន។
នៅថ្ងៃអង្គារ ទី៤វិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ចែម្យុងបានទាមទារឲ្យរដ្ឋសភាបោះឆ្នោតអនុម័តកញ្ចប់ថវិកាសម្រាប់ចាយនៅឆ្នាំ ២០២៦ ដែលនៅក្នុងនោះ មានកញ្ចប់លុយកងទ័ពដែលលោកសម្រេចដំឡើង៨,២%បន្ថែមទៀត។ ជាមួយកញ្ចប់ថវិកាកងទ័ពចំនួន ៤,៦ពាន់លានដុល្លារឆ្នាំ២០២៦ កូរ៉េខាងត្បូងនឹងអាចធ្វើទំនើបកម្មសព្វាវុធរបស់ខ្លួន នៅក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើជំនួយយោធាអាម៉េរិក។
តាំងពីអាណត្តិដឹកនាំមុនម្ល៉េះ រដ្ឋបាលលោកដូណាល់ត្រាំតែងទាមទារឲ្យកូរ៉េខាងត្បូងដាក់ទុនវិនិយោគច្រើនដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន។ មានពេលខ្លះ លោកត្រាំបានដាក់លក្ខខណ្ឌទាមទារឲ្យកូរ៉េខាងត្បូងត្រូវតែបង់លុយសម្រាប់ចំណាយលើកងទ័ពអាម៉េរិកប្រមាណ ២៨៥០០នាក់ ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង។
ទោះជាកូរ៉េខាងត្បូងបង្កើនថវិកាកងទ័ពជាប់ជាលំដាប់ ដើម្បីឆ្លើយតបនឹងការទាមទារចង់បានរបស់សម្ព័ន្ធមិត្តអាម៉េរិក និងដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន ប៉ុន្តែ នេះជាលើកទី១ ដែលកូរ៉េខាងត្បូងបំប៉ោងថវិកាកងទ័ពក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន នៅក្នុងរយៈ៦ឆ្នាំចុងក្រោយនេះ។
នៅថ្ងៃអង្គារទី៤វិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ចែម្យុងបាននិយាយថា រហូតមកដល់ថ្ងៃនេះ ថវិកាកងទ័ពរបស់កូរ៉េខាងត្បូងមានចំនួនស្មើនឹង១,៤ដងនៃផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងជើង និងធ្វើឲ្យកូរ៉េខាងត្បូងស្ថិតនៅចំណាត់ថ្នាក់ទី៥នៃក្រុមប្រទេសដែលពង្រឹងវិស័យយោធារបស់ខ្លួន។
នៅចំពោះមុខសមភាគីកូរ៉េខាងត្បូង រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Pete Hegseth បាននិយាយថា ការវិនិយោគនឹងជំរុញឲ្យកូរ៉េខាងត្បូងកាន់តែបោះជំហានទៅមុខខាងសមត្ថភាពទប់ទល់ និងការពារខ្លួនពីការវាយប្រហារឈ្លានពានរបស់កូរ៉េខាងជើង។
រដ្ឋមន្រ្តីការពារជាតិកូរ៉េត្បូង លោកអាន យូប៊ែក វិញបានបដិសេធទាត់ចោលការចុះផ្សាយដែលថា កូរ៉េខាងត្បូងចង់បានកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ ដូចជាកូរ៉េខាងជើង ឬចង់ឲ្យអាម៉េរិកពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកក្នុងទឹកដីកូរ៉េខាងត្បូង។
នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី លី ចែម្យុង ដែលបើកដៃចំហរចង់ត្រូវរ៉ូវគ្នាឡើងវិញ ជាមួយកូរ៉េខាងជើង កូរ៉េខាងត្បូងមិនចង់ប្រកាសដំណឹងណាមួយដែលអាចធ្វើឲ្យព្យុងយ៉ាងក្តៅស្លឹកត្រចៀកនោះទេ។ ជាក់ស្តែង នៅក្រោយជំនួបកាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងកូរ៉េខាងត្បូងមិនបានចេញសេចក្តីថ្លែងការណ៍រួម ដូចតាមទម្លាប់នោះឡើយ។
យ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនបានប្រតិកម្មអ្វីទៅនឹងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិ អាម៉េរិក និងកូរ៉េខាងត្បូង។ ប៉ុន្តែ កាលពីថ្ងៃចន្ទ កងទ័ពកូរ៉េខាងត្បូងចាប់បានសញ្ញាបាញ់គ្រាប់កាំភ្លើងធំជាច្រើនគ្រាប់នៅទឹកដីកូរ៉េខាងជើង នៅប៉ុន្មានម៉ោងមុន យន្តហោះរបស់រដ្ឋមន្រ្តីការពារជាតិអាម៉េរិកចុះចតក្នុងទឹកដីកូរ៉េខាងត្បូង៕





