បន្ទាយមានជ័យៈ ក្នុងឱកាសបំពេញទស្សនកិច្ច នៅច្រកព្រំដែនអន្តរជាតិ ស្ទឹងបត់ -ណងអៀន ក៏ដូចជា តំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ លោកអគ្គទីប្រឹក្សាសេដ្ឋកិច្ច អមស្ថានទូតថៃ ប្រចាំកម្ពុជា បានដឹកនាំក្រុមហ៊ុនថៃ ចំនួន៧ នាំយកនូវអំ ណោយ ជាគ្រឿងឧបភោគបរិភោគ មកប្រគល់ជូន រដ្ឋបាលខេត្តបន្ទាយ មានជ័យផងដែរ។
លោក ង៉ោ មេងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុំ រាត្រី អភិបាល គណៈអភិបាលខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានទទួលអំណោយនោះ នៅមណ្ឌលចត្តាឡីស័ក កម្រិត១ វិទ្យាល័យ និមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
លោកអគ្គទីប្រឹក្សាសេដ្ឋកិច្ច អមស្ថានទូតថៃ ប្រចាំកម្ពុជា បានថ្លែងថាៈ ការនាំយកសម្ភារៈ ជាគ្រឿងឧបភោគ បរិភោគ នាពេលនេះ គឺដើម្បីជួយកាត់បន្ថយ និងសម្រួលនូវការលំបាក របស់ អាជ្ញាធរខេត្ត ក្រុង ក្នុងភារកិច្ចឆ្លើយតបនឹងវិធានការ ការពារ ទប់ស្កាត់ការរីករាល ដាលនូវជំងឺកូវីដ ១៩ និងដើម្បីចែកជូន ប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលនេះ ក៏ដូចជា មន្ត្រីអាជ្ញាធរ កងកម្លាំង មន្ត្រីរាជការ ដែលប្រចាំនៅក្នុងមណ្ឌលចត្តាឡីស័ក ទាំង ១៣ នៅក្នុងទូទាំង ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ អគ្គទីប្រឹក្សាសេដ្ឋកិច្ច អមស្ថានទូតថៃ ប្រចាំកម្ពុជាក៏បានថ្លែងនូវការសួរ សុខទុក្ខ និងផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលបានបញ្ចប់នូវ ការធ្វើចត្តាឡីស័ក សូមធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ហើយបានស្តារនូវ ជីវភាពឡើងវិញ នៅតាមលំនៅឋានរបស់ខ្លួន។
លោកអភិបាលរង ខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីថ្ងៃទី១២ ខែមីនានេះថាៈ ដំណើរទស្សនកិច្ច ក៏ដូចជា សកម្មភាពមនុស្សធម៌ របស់មន្ត្រីស្ថានទូតថៃ និងក្រុមហ៊ុនថៃ នាពេលនេះ បានឆ្លុះបញ្ចាំងនូវ កិច្ចសហ ប្រតិបត្តិការ ការជួយគ្នាក្នុងគ្រាក្រ របស់ប្រជាជាតិ ភូមិផងរបងជាមួយ ជាបងប្អូន ៕