ក្នុងសេចក្ដីជូនដំណឹងបានគូសបញ្ជាក់ថា ក្រោយការស្រាវជ្រាវ និងពិនិត្យសំណាកលើកទី១ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយស្ត្រីដែលមានផ្ទុកជំងឺកូវីដ-១៩ ឃើញថាលទ្ធផល គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់នោះ។ ហេតុនេះ ដើម្បីចៀសវាងផលប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស និងមានការយល់ព្រមពីថ្នាក់ដឹកនាំស្រុក និងខេត្តផង ការិយាល័យអប់រំយុវជន និងកីឡាស្រុកពួក សម្រេចបើកដំណើរការការសិក្សារបស់សាលាទាំង១៩ ជាធម្មតាវិញ ដោយអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បានមានប្រសាសន៍ថា តាមសំណើរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក និងតាមការស្រាវជ្រាវ និងពិនិត្យសំណាកលើកទី១ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយស្ត្រីដែលផ្ទុកជំងឺកូវីដ-១៩ ដែលលទ្ធផលគឺអវិជ្ជមាន កូវីដ-១៩ ទាំងអស់។ លោកបានបន្ដថា តាមរយៈលទ្ធផលនេះ មន្ទីរអប់រំក៏បានយល់ព្រមតាមសំណើរបស់ការិយាល័យអប់រំស្រុកពួក ដើម្បីចៀសវាងផលប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស ប៉ុន្ដែត្រូវអនុវត្តន៍តាមវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ សាលារៀនចំនួន ១៩កន្លែង នៅក្នុងឃុំចំនួន៤ ក្នុងនោះមាន ឃុំខ្នាត ចំនួន ៦សាលា, ឃុំពួក ចំនួន ៥សាលា, ឃុំសំរោងយាចំនួន ៣សាលា និងឃុំកែវពណ៌ ចំនួន ៥សាលា បានសម្រេចបិទមិនឱ្យសិស្សចូលរៀនជាបណ្ដោះអាសន្ន ក្រោយពេលស្រ្ដីម្នាក់ឆ្លងជំងឺកូវីដ-១៩ មកពីខេត្ដព្រះសីហនុ ចូលក្នុងសហគមន៍នៅស្រុកពួកនោះ៕