ការធ្វើ​ច​ត្តា​ឡី​ស័ក​មិនបាន​ត្រឹមត្រូវ​បង្ក​ហានិភ័យ​ខ្ពស់ ហើយ​មិនអាច​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បានឡើយ​! - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


ការធ្វើ​ច​ត្តា​ឡី​ស័ក​មិនបាន​ត្រឹមត្រូវ​បង្ក​ហានិភ័យ​ខ្ពស់ ហើយ​មិនអាច​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បានឡើយ​!


 ភ្នំពេញៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រកាសថា​នៅមាន​ក្រុមមនុស្ស​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មួយចំនួន​តូច បាន​ល្មើ​សនឹង​វិធាន​ច​ត្តា​ឡី​ស័ក ដោយ​អនុវត្ត​មិនបាន​ពេញលេញ​ដូចជា គេចវេះ មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មិន​ស្តាប់​តាម​ការណែនាំ​របស់​មន្ត្រី​សុខាភិបាល​, ធ្វេសប្រហែស និង​មាន​បុគ្គល​ខ្លះ បាន​លួច​ចេញមក​ខាងក្រៅ​ក្នុងអំឡុង​ពេលធ្វើ ច​ត្តា​ឡី​ស័ក ដែល​អាច​បង្ក​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​សហគម​ន៍ និង​សុខភាព​សាធារណៈ​ទាំងមូល​។​


​កាលពី​ថ្ងៃទី​៩​មីនា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីណែនាំ ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ ច​ត្តា​ឡី​ស័ក នៅតាម​ទីតាំង​ឯកជន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នៅក្នុង​រាជធានី​ភ្នំពេញ​។ អ្នក​លើ្ម​សប​ម្រាម​ច​ត្តា​ឡី​ស័ក ត្រូវ​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​២៧ ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ​ឆ្នាំ​២០២១ ចាប់ពី ១​លាន​រៀល ទៅ ៥​លាន​រៀល ព្រមទាំង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​។​

​ដើម្បី​រឹតបន្តឹង​ការអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក នៅតាម​ទីតាំង​ឯកជន ដែល​ផ្តោត​សំខាន់​លើ​លំនៅឋាន​ឯកជន អគារ​ស្នាក់នៅ​រួម និង​អាជីវ​កម្មដ្ឋាន​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​ត្រូវបាន​កំណត់ថា ជាទី​តាំង​ច​ត្តា​ឡី​ស័ក​នោះ អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ក្រើនរម្លឹក និង​ណែនាំ​ថា ប្រជាពលរដ្ឋ​ខ្មេរ និង​ជនបរទេស ដែល​ត្រូវដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​គោលដៅ​ឯកជន​ទាំងឡាយ ត្រូវ​នៅក្នុង​ផ្ទះ ឬ​បន្ទប់​ដាច់ដោយឡែក​គ្រប់ពេលវេលា​ទាំងអស់ ក្នុង​រយៈពេល ១៤​ថ្ងៃ គឺ​ហាម​ដាច់ខាត ដើរចេញ​ក្រៅ​ផ្ទះ ឬ​បន្ទប់ ឬ​ទីកន្លែង ដែល​ខ្លួន​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ក្នុងនោះ អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ និង​ក្រើនរម្លឹក​ដល់​ប្រធាន​ក្រុម​សន្តិសុខ​ការពារ​គោលដៅ​ច​ត្តា​ឡី​ស័​ក្រុមគ្រូពេទ្យ ប្រចាំការ អាជ្ញាធរ​មូលដ្ឋាន និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ គ្រប់គ្រង ឃ្លាំមើល ណែនាំ​និង​មាន​ចំណាត់ការ​ឲ្យ បាន​ទាន់ពេលវេលា ដើម្បី​ធានាថា ក្រុម​បុគ្គល​ទាំងឡាយ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្ល​យ​ន ពិតជា​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធាន​ច​ត្តា​ឡី​ស័ក និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ដោយឡែក សម្រាប់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងអស់ ក៏ត្រូវ​បាន​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ថា ត្រូវដាក់​កម្លាំង​បុគ្គលិក​ប្រចាំការ សម្រាប់​ត្រួតពិនិត្យ​ដល់​បុគ្គល​ទាំងឡាយ ដែល​ចូលមក​ទីតាំង​របស់ខ្លួន ត្រូវ​ស្កេ​ន ឃ្យូ​អ កូត​QR Code) ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បានដឹង​ពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ របស់​បុគ្គល​ទាំងនោះ តាមរយៈ​ការបង្ហាញ​ពណ៌​លើ​អេក្រង់​ទូរស័ព្ទ ក្រោយពេល​ស្កេ​ន​រួច ( ពណ៌​ប៉ៃ​តង​ លឿង ឬ​ពណ៌​ក្រហម )​។ ក្នុងករណី​ស្កេ​ន​ឃើញ ពណ៌​លឿង បញ្ជាក់ថា បុគ្គល​នោះ កំពុងស្ថិត​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ពណ៌​ក្រហម បញ្ជាក់ថា បុគ្គល​នោះ មាន​ជំងឺ​កូ​វីដ​១៩ ដូច្នេះ​ម្ចាស់​អាជីវ​កម្មដ្ឋាន ត្រូវ​រាយការណ៍​ជាបន្ទាន់ មក​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​។ ផ្ទុយទៅវិញ ប្រសិនបើ​ម្ចាស់​អាជីវ​កម្មដ្ឋាន​ណាមួយ មិន​អនុវត្តតាម​វិធានការ​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង ដែល​មិន​សហការ ដោយ​ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ទាំងស្រុង​។​

​ក្រោយ​ការផ្ទុះ​ឡើងជា​លើក​ទី​៣ នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រកាសថា បាន​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប និង​វិធាន​ការសរុប ជាពិសេស​បាន​បង្កើត​គ​ណៈ​បញ្ជាការ​ស្រាល​និង​បង្កើន​កម្លាំង យាម​ប្រចាំការ ២៤​ម៉ោង លើ ២៤​ម៉ោង តាម​បណ្តា​មន្ទីរពេទ្យ​ព្យាបាល និង​គោលដៅ​ច​ត្តា​ឡី​ស័ក ទាំង​រដ្ឋ និង​ទាំង​ឯកជន ដែល​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​នេះ ហើយ​ត្រូវបាន​កំណត់ថា ជាទី​តាំង​ច​ត្តា​ឡី​ស័ក​។​

​យ៉ាងហោចណាស់ មាន​ជាង ៨០​ទីតាំង នៅ​ភ្នំពេញ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ ទីតាំង​ទាំងនោះ ដែលជា​សណ្ឋាគារ ក្លិប​កម្សាន្ត ហាង​កាហ្វេ សាលារៀន ផ្ទះ​របស់​ប្រជាពលរដ្ឋ ជាដើម ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ហើយ​កន្លែង​ខ្លះ ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច ដាក់​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ឲ្យ​អ្នកស្នាក់នៅ និង​រស់នៅ​ទីនោះ ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​តែម្តង​។​

​ដូច្នេះ​អ្នក​ដែល​ពាក់ព័ន្ធ ហើយ​អាជ្ញាធរ​កំណត់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ត្រូវតែ​គោរព​ឲ្យ​ខ្ជាប់ខ្ជួន​គឺ​នៅតែ​ក្នុង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះបាន​ហើយ​។​បើសិនជា​លួច​ចេញ​ក្រៅ​គឺ​នៅពេល​អាជ្ញាធរ​សមត្ថកិច្ច​ដឹង​ច្បាស់​ជា​ត្រូវ​ចាប់​បញ្ជូនទៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​អាជ្ញាធរ​រៀបចំ ហើយ​ត្រូវ​រង​នូវ​ការផាកពិន័យ​ចាប់ពី ១​លាន​រៀល ទៅ ៥​លាន​រៀល​ថែមទៀត​។ កាលពី​ថ្ងៃទី​៩​មីនា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អនុវត្ត​វិធាន​ការចាប់​ផាកពិន័យ​នេះ លើ​បុគ្គលិក​សណ្ឋាគារ ណាហ្គា ២​នាក់ ដែល​មិន​គោរព​វិធានការ​ច​ត្តា​ឡី​ស័ក​រួចហើយ​។​

​ការ​គេចវេះ លួច​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក មុន​កំណត់​នេះ នឹង​បង្ក​ហានិភ័យ​កាន់តែខ្លាំង ក្នុងការ​ចម្លងជំងឺ​កូ​វីដ​១៩ ទៅ​អ្នកផ្សេង បើសិនជា​អ្នក​គេចវេះ និង​លួច​ចេញ​ទាំងនោះ មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ដោយ​មិនដឹង​ខ្លួន​។ ដូច្នេះហើយ បានជា​គេ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​តាមដាន​សុខភាព ក្នុងអំឡុងពេល ១៤​ថ្ងៃ​។ ការធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ខ្លួនឯង​ផង ក្រុមគ្រួសារ​ផង និង​សង្គមជាតិ​យើង​ផង​។​

​ដោយឡែក​អាជ្ញាធរ​សមត្ថកិច្ច ដែលមាន​តួនាទី​នៅ​យាម​ប្រចាំការ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏​សូមកុំ​ព្យាយាម សមគំនិត ត្រូវរ៉ូវ​នឹង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​អនុញ្ញាត​ឲ្យ​មាន​អ្នក​គេចវេះ លួច​ចេញ​ក្រៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ឬក៏​ចូលរួម​រំដោះ​អ្នក​ទាំងនោះ ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទង្វើ​បែបនេះ នឹង​នាំ​ឲ្យ​មាន​ហា​ភិ​ភ័យ​ខ្ពស់​ក្នុង​ការបន្ត​ចម្លងជំងឺ​កូ​វីដ​១៩​ហើយ​ថែមទាំង​នាំទុក្ខ​ដាក់ ខ្លួនឯង​ថែមទៀត​។ ករណី​សន្តិសុខ​ម្នាក់ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​បាន​រំដោះ​ស្ត្រី​ចិន ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​សុខា កាលពី​ខែកុម្ភៈ គឺជា​ករណី​ជាក់ស្តែង ដែល​ត្រូវ​ជៀសវាង ព្រោះ​ពេលនេះ សន្តិសុខ​នោះ ត្រូវបាន​ចាប់ខ្លួន បញ្ជូនទៅ​ឃុំឃាំង នៅ​ពន្ធនាគារ​ហើយ​។​

​ជារួម ការធ្វើ​ច​ត្តា​ឡី​ស័ក មិនបាន​ត្រឹមត្រូវ នឹង​បង្ក​ហានិភ័យ​ខ្ពស់ ក្នុង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​។ អ្នក​ល្មើស​នោះ នឹងត្រូវ​ផាកពិន័យ និង​ចាប់យក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​។ រីឯ​អ្នកសមគំនិត អនុញ្ញាត​ឲ្យ​មាន​អ្នកចេញ​ក្រៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏ត្រូវ​ផាកពិន័យ និង​ចាប់ឃុំខ្លួន មានទោស​ថែមទៀត​។ រឹតតែ​ធ្ងន់ធ្ងរ ការ​បណ្តែតបណ្តោយ​ឲ្យ​អ្នកពាក់ព័ន្ធ ចេញ​ក្រៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រហែ​ត​រហូត នាំ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច មិនអាច​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បានឡើយ​។​

​មកដល់​ថ្ងៃទី​១០​មីនា​នេះ ការឆ្លង​កូ​វីដ កាន់តែ​រាលដាល​កូ​វីដ​ពី​ម្នាក់ ទៅ​ច្រើន​នាក់ ហើយ​ក៏បាន​កើនឡើង​កាន់​ច្រើន​។ នៅ​ថ្ងៃទី​១០​មីនា​នេះ ក្រសួងសុខាភិបាល ប្រកាសថា មាន​អ្នក​ឆ្លង​កូ​វីដ​ថ្មី ដល់​ទៅ ៦៤​នាក់​។ ក្នុងនោះ នៅ​ភ្នំពេញ ២៦​នាក់ ( ជនជាតិខ្មែរ ២៥​នាក់ និង​វៀតណាម​ម្នាក់ )​។ នៅ​សៀមរាប ម្នាក់ ជា​ស្ត្រី​ខ្មែរ​។ ខេត្តកណ្តាល ៣០​នាក់ ( ខ្មែរ ១១​នាក់ ចិន ១៩​នាក់ )​។ នៅ​ព្រៃវែង ឆ្លង​ថ្មី ៥​នាក់​ទៀត ជា​ខ្មែរ​ទាំងអស់​។ នៅ​ខេត្ត​ព្រះសីហនុ ២​នាក់ ជា​ជន​ជាតិចិន​។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​៩​មីនា​មាន​អ្នកជា​សះស្បើយ ១១​នាក់​បន្ថែមទៀត ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ហើយ​ជា​អ្នកជំងឺ​នៅ​ភ្នំពេញ រួមមាន ចិន ៨​នាក់ វៀតណាម ២​នាក់ និង​ខ្មែរ​ម្នាក់​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១០​មីនា​ម្សិលមិញ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១១២៤​នាក់​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ ៥៤៩​នាក់ និង​កំពុង​សម្រាក​ព្យាបាល ចំនួន ៥៧៤​នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប ១១២៤​នាក់ គឺមាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន ៦១៣​នាក់​។ ប៉ុន្តែ​មកដល់​ព្រឹក​ថ្ងៃទី​១០​មីនា មាន​អ្នក​ឆ្លង​កូ​វីដ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បានជា​សះស្បើយ ៦២​នាក់​ហើយ​៕​សរន

Post Bottom Ad


Home Pages