ក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី (OCM ឬ MOM) បាន ប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះអត្តពលិក និងមន្ត្រីដែលត្រូវបានជ្រើសរើស តំណាងឱ្យប្រទេសរបស់ខ្លួន សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ពិធីប្រកាសបានប្រារព្ធធ្វើឡើង នៅថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Putrajaya ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី លោក Dr. Tan Sri Mohamad Norza Zakaria ដែលបានប្រគល់វិញ្ញាបនបត្រដល់តំណាងប្រតិភូ កីឡាម៉ាឡេស៊ី ចំនួន៩១៤នាក់ ក្នុងនោះមានអត្តពលិក ចំនួន៦៧៧នាក់ (កីឡាករ ៤០៣នាក់ កីឡាការិនី ២៧៤នាក់) និងមន្ត្រី ចំនួន២៣៧នាក់ ដែលនឹងចូលរួមក្នុងការប្រកួតលើកីឡាចំនួន ៣៤ប្រភេទ។
អត្តពលិក និងមន្ត្រី នៃប្រភេទកីឡាទាំង៣៤ប្រភេទនេះរួមមាន៖ កីឡាទឹក (លោតទឹក, ហែលទឹក, បាល់ទឹក និងហែលទឹកពាក់ជើងទា), អត្តពលកម្ម, កីឡាវាយសី, បាល់បោះ, ប៊ីយ៉ា ស្នូកឃ័រ, ប្រដាល់សកល, អុក (អុកចត្រង្គ និងអុកចិន), គ្រីឃីត, ប្រណាំងទោចក្រយាន, កីឡារាំ, កីឡាអេឡិកត្រូនិច, គុនដាវ, ហ្លរប៊ល, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, ហុកគី, ម៉ូតូទឹក, យូដូ, ការ៉ាតេ, យុទ្ធគុនចម្រុះ (ជឺជិតស៊ូ និងឃីកបុកសីង), កីឡាឧបសគ្គ, បញ្ចសីលា, ប៉េតង់, ទូកក្តោង, សីដក់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, វាយកូនបាល់, ប្រណាំងទូកប្រពៃណី, ទ្រីយ៉ាត្លុង, បាល់ទះ, លើកទម្ងន់ និងកីឡាវូស៊ូ។
ម៉ាឡេស៊ី ដែលចូលរួមក្នុងការប្រកួតកីឡា ឆ្នាំនេះ នឹងក្លាយជាការបញ្ជូនអត្តពលិកច្រើនលំដាប់ ទី៣របស់ខ្លួន ទៅកាន់ការប្រកួតនៅក្រៅប្រទេស។ មានតែការប្រកួតស៊ីហ្គេម ឆ្នាំ២០០៧ នៅថៃ (មានអត្តពលិក ៨២០នាក់) និងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន (មានអត្តពលិក ៧៧២ នាក់)។
ចំនួនអត្តពលិកម៉ាឡេស៊ី ដែលចូលរួមច្រើនជាងគេក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម គឺក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើទឹកដីរបស់ខ្លួនផ្ទាល់ នាទីក្រុងគូឡាឡាំពួរ ឆ្នាំ២០១៧ ដែលមានអត្តពលិកចំនួន ៨៤៥នាក់ និងមន្ត្រីចំនួន ២៩៤នាក់ ខណៈដែលប្រទេសនេះ បានបញ្ជូនអត្តពលិកចំនួន ៥៨៤នាក់ និងមន្ត្រីចំនួន ២៧២នាក់ ទៅប្រកួតស៊ីហ្គេម លើកចុងក្រោយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយការប្រកួតស៊ីហ្គេមនោះ ម៉ាឡេស៊ី បានត្រឹមចំណាត់ថ្នាក់លេខ៦ ដោយរកមេដាយមាសបាន៣៩គ្រឿង, ប្រាក់ ៤៥គ្រឿង និងសំរឹទ្ធ ៩០គ្រឿង៕