លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជ្រើសរើស និងកំណត់យកខេត្តចំនួន ៤ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដើម្បីបង្កើតទៅជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើនវិស័យកសិកម្ម និងមច្ឆជាតិ។
លោកហ៊ុន សែន ក្នុងកម្មវិធីនៅខេត្តពោធិ៍សាត់នៅថ្ងៃទី ១៤ មីនា។នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងបង្កើតប៉ូលសេដ្ឋកិច្ចទី ៤ នេះស្ថិតក្រោមគំនិតផ្តួចផ្តើមរវាងលោក និងប្រធានាធិបតីចិនលោក ស៊ី ជីនភីង ដោយផ្តោតលើគម្រោងមច្ឆា និងអង្ករ ពីព្រោះខេត្តទាំង ៤ ខាងលើសម្បូរទៅដោយស្រូវ និងត្រី។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខេត្តទាំង ៤ នេះ ក៏ត្រូវបង្កើនផលិតផលផ្សេងៗទៀតផងដែរ ដើម្បីចូលរួមជាមួយទីផ្សារតំបន់ និងពិភពលោក។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលដាក់បញ្ចូលខេត្តបាត់ដំបង ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ និងជាខេត្តរបៀងត្រី និងស្រូវ គឺស័ក្ដិសមទៅនឹងខេត្តដែលមានសក្ដានុពលផ្នែកវិស័យកសិកម្ម។
លោកបានប្រាប់ថា៖ «បច្ចុប្បន្នផលិតផលកសិកម្មនៅមានចំណុចខ្វះខាតនៅឡើយគឺខ្វះខាតក្នុងការកែច្នៃ ដូចនេះខេត្តបាត់ដំបងត្រូវការអ្នកវិនិយោគដែលពាក់ព័ន្ធនឹងផ្នែកកែច្នៃផលិតផលកសិកម្មដូចជាពោត ស្វាយជាដើម ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជា ក្នុងការនាំចេញទៅក្រៅប្រទេសព្រោះខេត្តបាត់ដំបងនាពេលអនាគតនឹងមានផ្លូវថ្នល់ខ្វាត់ខ្វែង ដែលតភ្ជាប់ទៅនឹងខេត្តសំខាន់ៗ ក៏ដូចជាច្រកទ្វារអន្តរជាតិសំខាន់ៗជាច្រើនទៀត»។
ចំណែកលោក គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានថ្លែងដែរថា តាមពិតទៅប៉ូលសេដ្ឋកិច្ចសម្រាប់ខេត្តទាំង ៤ នេះ គឺមានតាំងពីយូរយារណាស់មកហើយ ប៉ុន្តែការកំណត់ឱ្យវាទៅជាប៉ូលសេដ្ឋកិច្ចពេញលេញគឺមិនទាន់បានធ្វើនៅឡើយ។ ដូច្នេះ អ្វីដែលប្រមុខរាជរដ្ឋាភិបាលបានលើកឡើងគឺជាការយកចិត្តទុកដាក់លើឧត្តមភាពនៃការប្រកួតប្រជែងរបស់តំបន់។
លោកបានបញ្ជាក់ថា៖ «ជាក់ស្តែង យើងឃើញនៅតំបន់ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន គឺជាតំបន់ដែលមានសក្តានុពលទៅដល់វិស័យកសិកម្មដែលយើងឃើញមាន ៣ ប្រភេទ ដូចជា ដំណាំស្រូវ ជលផល និងដំណាំឧស្សាហកម្ម។ក្នុងនោះយើងឃើញតំបន់ខ្លះ ជាតំបន់ភ្នំ តំបន់ខ្លះក៏ទំនាបនិងមានតំបន់បឹងទន្លេសាប ដែលទាំងនេះធ្វើឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ប្រែក្លាយទៅជាឯកទេសកម្ម»។
ទោះជាយ៉ាងណា លោកថា ការកំណត់យកខេត្តទាំង ៤ នេះ ជាប៉ូលសេដ្ឋកិច្ច មិនមែនជួយឱ្យវិស័យកសិកម្មរបស់កម្ពុជាទាំងមូលល្អប្រសើរនោះទេ ប៉ុន្តែជាគោលដៅគឺលើកកម្ពស់ទិន្នផលកសិកម្ម និងចំណូលសម្រាប់ជាតិឱ្យបានច្រើនជាងមុន។រីឯកសិកម្មទាំងមូល គឺក្រសួងជំនាញត្រូវពិនិត្យមើល និងអនុវត្តទៅតាមតំបន់នានានៅទូទាំងប្រទេស ទើបវាអាចលូតលាស់ទៅមុខលឿន។
ជាមួយគ្នានេះលោកស្នើឱ្យរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់លើការចិញ្ចឹមសត្វ និងដំណាំដាំដុះដែលកម្ពុជាតែងតែនាំចូលពីប្រទេសជិតខាងដូចជា វៀតណាម និងថៃ ដោយក្នុង ១ ថ្ងៃៗ ប្រមាណពី ៣០ ទៅ ៤០ តោន។ ដូច្នេះការដាំដុះនិងចិញ្ចឹមសត្វនេះ ដើម្បីទប់ស្កាត់ការនាំចូលនឹងរួមចំណែកជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ និងចំណេញសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ រាជរដ្ឋាភិបាលកម្ពុជាកាលពីកន្លងទៅក៏បានដាក់ចក្ខុវិស័យប្រែក្លាយតំបន់ភូមិភាគឦសានទៅជាប៉ូលសេដ្ឋកិច្ចទី ៤ ផងដែរ ដោយគ្របដណ្តប់នៅក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងខេត្តព្រះវិហារ ព្រោះជាតំបន់កសិឧស្សាហកម្ម និងជាតំបន់អភិវឌ្ឍន៍ធនធានរ៉ែ៕